អគ្គនាយកដ្ឋានបេតិកភណ្ឌ មានមុខងារអនុវត្តរាល់បេសកកម្មរបស់ក្រសួង ក្នុងប្រតិបត្តិការនយោបាយលើផ្នែកបេតិកភណ្ឌ សារមន្ទីរ គាំពារ និងអភិរក្សសំណង់បុរាណ និងវត្ថុបុរាណ ការស្រាវជ្រាវ រុករក និងកំណាយស្ថានីយបុរេប្រវត្តិ ប្រវត្តិសាស្រ្តដែលកប់ក្នុងដី ក្រោមទឹក និងការអប់រំផ្សព្វផ្សាយ។
អគ្គនាយកដ្ឋានបេតិកភណ្ឌមាននាយកដ្ឋានចំណុះចំនួន៤៖
១. នាយកដ្ឋាន បុរាណវត្ថុ
២. នាយកដ្ឋាន សារមន្ទីរ
៣. នាយកដ្ឋាន គាំពារ និងអភិរក្សសំណង់បុរាណ
៤. នាយកដ្ឋាន បុរាណវិទ្យា និង បុរេប្រវត្តិវិទ្យា។
នាយកដ្ឋាន បុរាណវត្ថុ៖
-
គ្រប់គ្រង និងអភិរក្សរាល់បុរាណវត្ថុផ្សេងៗដែលមានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ សាសនា ឬវិទ្យាសាស្រ្ត ហើយដែលកិច្ចការពារ រាល់ចលនសម្បត្តិវប្បធម៌ទាំងឡាយនោះបម្រើឲ្យប្រយោជន៍សាធារណៈ
-
រៀបចំចងក្រងលិខិតបទដ្ឋានផ្សេងៗ ដើម្បីធានាដល់ការការពារបុរាណវត្ថុ និងត្រួតពិនិត្យលើការនាំចេញនាំចូលវត្ថុសិល្បៈផ្សេងៗដើម្បីទប់ស្កាត់ចរាចរសម្បត្តិវប្បធម៌ខុសច្បាប់
-
រៀបចំ និងផ្តល់អាជ្ញាប័ណ្ណ សម្រាប់ការសុំអនុញ្ញាតនាំចេញនាំចូល វត្ថុសិល្បៈផ្សេងៗ
-
ចុះអប់រំ និងផ្សព្វផ្សាយ ដល់សាធារណជន អំពីច្បាប់ការពារបេតិកភណ្ឌវប្បធម៌ និងលិខិតបទដ្ឋានផ្សេងៗដែលមានទិសដៅថែរក្សា និងការពារឲ្យបានគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ
-
ទទួលអនុវត្តសិទ្ធិស្នើសុំ ឬប្តឹងទាមទារឲ្យធ្វើការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវបុរាណវត្ថុ ទាំងឡាយណាដែលត្រូវបានគេនាំចេញ ឬធ្វើនីហរណកម្មដោយខុសច្បាប់
-
ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
-
ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
នាយកដ្ឋានសារមន្ទីរ៖
-
គ្រប់គ្រងការអភិរក្ស ការថែរក្សា ការជួសជុល ការសិក្សា និងការធ្វើឲ្យសំបូរបែបនៃសមុច្ច័យសាធារណៈ
-
ធានាការផ្សព្វផ្សាយ និងការតាំងបង្ហាញសមុច្ច័យទាំងឡាយចំពោះសាធារណៈជន ព្រមទាំងត្រួតពិនិត្យតាមលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេសបណ្តាសមុច័្ចយទាំងនោះ
-
គ្រប់គ្រងលើសារមន្ទីររដ្ឋ និងសារមន្ទីរគ្រប់ប្រភេទនៅទូទាំងប្រទេស
-
ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
-
ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
នាយកដ្ឋាន គាំពារ និងអភិរក្សសំណង់បុរាណ៖
-
ធ្វើបញ្ជី និងធ្វើចំណាត់ថ្នាក់ប្រាសាទបុរាណ រមណីយដ្ឋានវប្បធម៌ និងសំណង់បុរាណផ្សេងៗទៀត ដែលមាននៅតាមខេត្ត-រាជធានីនានា ដោយសហការយ៉ាងជិតស្និទជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត-រាជធានី ដើម្បីរៀបចំទុកជាឯកសារ
-
គ្រប់គ្រង និងសិក្សាស្រាវជ្រាវ ដើម្បីអនុវត្តកិច្ចការការពារបេតិកភណ្ឌវប្បធម៌ ដូចមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ
-
រៀបចំ ស្ថាបនាអភិរក្សដ្ឋាន នៅតាមបណ្តាក្រុមប្រាសាទ និងរមណីយដ្ឋានវប្បធម៌នានា ដោយមានអភិរក្សករ និងអ្នកជំនាញផ្សេងៗធ្វើការនៅទីនោះ
-
សិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្ត នូវបណ្តាប្រាសាទបុរាណ រមណីយដ្ឋានវប្បធម៌ និងសំណង់បុរាណ ដែលទើបរកឃើញថ្មីពុំទាន់បោះពុម្ពផ្សព្វផ្សាយ
-
ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
-
ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា៖
-
ស្រាវជ្រាវ រុករកកំណត់ទីតាំង និងចុះបញ្ជីទីតាំងនៃស្ថានីយបុរេប្រវត្តិ និងប្រវត្តិសាស្រ្ត ដែលកប់ក្នុងដី និងក្រោមទឹក
-
ធ្វើកំណាយស្របច្បាប់លើស្ថានីយ៍មួយចំនួន ដែលមានសារៈសំខាន់ក្នុងការយល់ដឹងពី សង្គម និង វប្បធម៌សម័យបុរាណ
-
ធ្វើការវិភាគរាល់វត្ថុបុរាណ ដែលជីកបានពីស្ថានីយ៍ដែលមានប្រភពច្បាស់លាស់
-
ផ្សព្វផ្សាយនូវព័ត៌មាន ដែលស្រាវជ្រាវរកឃើញ ពីកំណាយស្របច្បាប់ ដើម្បីចែករំលែកចំណេះដឹងដល់មន្រ្តីក្រសួង និងបញ្ញវន្តទូទៅ
-
ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
-
ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
-
ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំប្រសួងប្រគល់ជូន។