ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ចុះ​ត្រួត​ពិនិត្យ​គម្រោង​ជួសជុល​ចេតិយ​បុរាណ នៅ​ភ្នំ​យ៉ាត ខេត្ត​ប៉ៃលិន
ថ្ងៃអាទិត្យ ទី១៥ ខែ ឆ្នាំ២០១២

នា​ថ្ងៃ​ទី១៥ ខែ​មករា​ ឆ្នាំ​២០១២ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ បាន​ដឹក​នាំ​ប្រតិភូ​មួយ​ក្រុម រួម​មាន ឯកឧត្តម ចំរើន វ៉ាន់ថា អគ្គ​នាយក​រដ្ឋបាល និង ហិរញ្ញវត្ថុ  ឯកឧត្តម ឱក សុផុន អគ្គ​នាយក​បច្ចេកទេស​វប្បធម៌ ឯកឧត្តម ហាប់ ទូច  អគ្គនាយក​បេតិក​ភណ្ឌ ព្រម​ទាំង​មន្ត្រី​ជំនាញ​ក្រសួង​មួយ​ចំនួន និង លោក ព្យូន ម៉ោង ម៉ោង ប្រធាន​ក្រុមហ៊ុន Seanet Technologies ចុះ​ត្រួត​ពិនិត្យ​មើល​គម្រោង​ជួស​ជុល​ចេតិយ នៅ​លើ​ភ្នំ​យ៉ាត ​ខេត្ត​ប៉ៃលិន ដើម្បី​ធានា​ឲ្យ​ការ​ជួស​ជុល នេះ​ត្រឹម​ត្រូវ ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​រក្សា​ឲ្យ​បាន​នូវ​ភាព​ដើម​របស់​ចេតិយ។​

គម្រោង​ជួស​ជុល​ចេតិយ​នៅ​លើ​ភ្នំ​យ៉ាត​នេះ​គឺ​ទទួល​បាន​នូវ​ការ​ជួយ​ឧបត្ថម្ភ ពី​សប្បុរស​ជន​ភូមា ដែល​ដឹក​នាំ​ក្នុង​ការ​ជួស​ជុល​នេះ​ដោយ​លោក ព្យូន ម៉ោង ម៉ោង ប្រធាន​ក្រុមហ៊ុន Seanet Technologies សហការ​ជា​មួយ​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ។

លោក ព្យូន ម៉ោង​ម៉ោង ប្រធាន​ក្រុមហ៊ុន Seanet Technologies បាន​ឲ្យ​ដឹង​ថា ចេតិយ​បូរាណ ដែល​កំពុង​ធ្វើ​ការ​ជួស​ជុល​នេះ ធ្វើ​ទៅ​តាម​រចនាបទ​ចាស់​ពី​បូរាណ​។ រហូត​មក​ដល់​ពេល​នេះ​ការងារ​ជួស​ជុល​សម្រេច​បាន​ប្រមាណ​៩០​ភាគ​រយ​ហើយ។

ឯកឧត្តម ហ៊ឹម ឆែម រដ្ឋ​មន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ សប្បុរស​ជន​ភូមា ដែល​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន ក្នុង​ការងារ​ជួយ​ថែ​រក្សា និង​អភិរក្ស​ចេតិយ​នេះ​ឡើង ដើម្បី​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​សាមគ្គី​ភាព និង​រក្សា​កេរ្តិ៍​ដំណែល ដែល​ជន​ជាតិ​ភូមា បាន​កសាង​ចេតិយ​នេះ នៅ​ខេត្ត​ប៉ៃលិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ក្រសួង​វប្បធម៌ និង វិចិត្រ ត្រៀម​រៀប​ចំ​ពិធី​សម្ភោធ ចេតិយ នេះ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១២ ស្រប​ពេល​ថ្ងៃ​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី១៤ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តប៉ែលិន៕