នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នាសាលសន្និសីទចតុម្មុខ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រារព្ធ ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១១ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ នៅក្នុងគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ដែលជាត្រីវិស័យនៃ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ និងជាមូលដ្ឋានគ្រឹះ នៃគោលនយោបាយសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានចាត់ទុកថាជា (របៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច) នៃ (កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល) សម្រាប់នីតិកាលទី៤ ក៏បានរំលេចផងដែរថា៖ ការកែលម្អដើម្បីបង្កើតសមត្ថភាពរបស់ស្ថាប័នសាធារណៈ ការលើស្ទួយអភិបាលកិច្ចល្អ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារជូនប្រជាពលរដ្ឋ ការធានាសមធម៌ក្នុងសង្គម និងការបង្កើនប្រសិទ្ធភាពនៃសេវាសាធាណៈ ព្រមទាំងការថែរក្សា ការពារសម្បត្តិធម្មជាតិ និង សម្បត្តិវប្បធម៌ជាតិ សុទ្ធតែជាកត្តាគន្លឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចិរភាព។

ដើម្បីឲ្យការរៀបចំផែនការសកម្មភាពរបស់ក្រសួងក្លាយទៅ ជាត្រីវិស័យមួយ សម្រាប់ តម្រង់ទិសឲ្យយើងទាំងអស់គ្នាឈានទៅសម្រេចគោលនយោបាយរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធិផលខ្ពស់នោះ អង្គសន្និបាតទាំងមូលប្រមូលផ្តុំនូវការយកចិត្តទុកដាក់ទៅលើចំណុចមួយចំនួនដូចខាងក្រោម៖
-ផែនការសកម្មភាពត្រូវតែមានសង្គតិភាពទៅនឹងផែនការយុទ្ធសាស្រ្ត និងផែនការអាទិភាពដែលក្រសួងបានសម្រេចដាក់ចេញ។
-កំណត់ឲ្យបានច្បាស់លាស់ អំពីលំដាប់លំដោយនៃសកម្មភាពដែលត្រូវកើតឡើងដើម្បីអនុវត្តឲ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្ត។
-ត្រូវស្វែងយល់អំពីកម្រឹតធនធានដែលអង្គភាពត្រូវទទួលបាន ដើម្បីឲ្យការរៀបចំផែនការសកម្មភាព មានភាពប្រាកដប្រជា និងច្បាស់លាស់។
-ត្រូវចេះប្រមើលមើលពីកម្រឹត និងទំហំការងារដែលអង្គភាពអាចប្រតិបត្តិទៅទទួលបានជោគជ័យស្របទៅនឹងលទ្ធផលនៃការរំពឹងទុក។
-ត្រូវធានាថា ផែនការសកម្មភាពរបស់អង្គភាពគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពិគ្រោះយោបល់ និង ការផ្តល់អនុសាសន៍ពីគ្រប់ភាគីដែលមានការពាក់ព័ន្ធ...៕