ពិធី​បិទ​សន្និបាត​បូក​សរុប​សកម្មភាព​ការងារ​ឆ្នាំ​២០១១ និង លើក​ទិស​ដៅ​ការ​ងារ​វប្បធម៌ និង វិចិត្រ​សិល្បៈ ឆ្នាំ​២០១២
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១២

នា​រសៀល ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ នា​សាល​សន្និសីទ​ចតុម្មុខ បាន​ប្រារព្ធ​ពិធី បិទ​សន្និបាត​បូក​សរុប​សកម្មភាព​ការងារ​ឆ្នាំ​២០១១ និង លើក​ទិស​ដៅ​ការងារ​វប្បធម៌ និង វិចិត្រ​សិល្បៈ ឆ្នាំ​២០១២ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ លោក​ជំទាវ ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី ប្រចាំ​ការ និង​ជា​រដ្ឋមន្ត្រី ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា និង ព្រឹទ្ធសភា និង អធិ​ការ​កិច្ច តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ បាន​រាយ​ការណ៍​ជូន អង្គ​ពិធីជ្រាប ថា៖ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ​កន្លង​មក​នេះ អង្គ​សន្និបាត​បាន​បូក​សរុប​ពី​លទ្ធផល នៃ​ការ​អនុវត្ត​ផែន​ការ សកម្មភាព ការងារ​វប្បធម៌ និង វិចិត្រ​សិល្បៈ ឆ្នាំ​២០១១​ រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ បាន​ពិនិត្យ និង វាយ​តម្លៃ​លើ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ២០១១ ឃើញ​ថា​លទ្ធផល​ទទួល​បាន ចំនួន ៩៥ ផែនការ​សកម្មភាព លើ១១៩ ផែន​ការ​សកម្មភាព ស្មើ​នឹង​៨០​ភាគ​រយ។ តួ​លេខ​នេះ​បញ្ជាក់​ថា គ្រប់​អង្គភាព​ចំណុះ ក្រសួង បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​សម្រេច​បាន​តាម​ទិស​ដៅ​ការ​ងារ​ដែល​បាន​កំណត់​គួរ​ឲ្យ​កត់​សម្គាល់ ព្រម​ទាំង​បាន​បង្កើន​កិច្ច​សហការ​ជា​មួយ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ ដៃ​គូ​អភិវឌ្ឍ​ជាតិ អន្តរ​ជាតិ ឯក​ជន ស្រប​តាម​គោល​នយោបាយ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​គឺ ​«រដ្ឋ​គាំ​ទ្រ ដៃ​គូ​ឯក​ជន​ជា​អ្នក​អនុវត្ត» ដោយ​អនុ​លោម​តាម​គោល​នយោបាយ​វប្បធម៌ «អភិរក្ស និង អភិវឌ្ឍ​វប្បធម៌​ជាតិ» សំដៅ​ធ្វើ​ឲ្យ «វប្បធម៌​ក្លាយ​ជា​ថាម​ពល​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ»

ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​ស្រប​តាម​កម្ម​វិធី​នយោបាយ និង យុទ្ធ​សាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី២ របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី៤ នៃ​រដ្ឋសភា ទើប​អង្គ​សន្និបាត ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ បាន​លើក​យក​ផែន​ការ​អាទិភាព​ចំនួន​ប្រាំ​រួម​មាន៖
-ជម្រុញ​ឲ្យ​កម្ពុជា ជា​មជ្ឈមណ្ឌល​ផ្សព្វ​ផ្សាយ​សិល្បៈ​ទស្សនីយ​ភាព
-ប្រែក្លាយកម្ពុជា ជាដែនដីថតភាពយន្ត
-ប្រែ​ក្លាយ​កម្ពុជា ជា​ទី​កន្លែង​ផ្សព្វ​ផ្សាយ​ផលិត​ផល​វប្បធម៌ សិល្បៈ​សូន​រូប និង សិល្បៈ​សិប្ប​កម្ម
-ថែ​រក្សា ការ​ពារ អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ
-ពង្រឹង​ពង្រីក​សមត្ថភាព​ស្ថាប័ន ភាព​ជា​ដៃ​គូ​អភិវឌ្ឍ បង្កើត​ប្រសិទ្ធ​ភាព​ការងារ និង​សេវាកម្ម ដើម្បី​​អនុវត្តន៍ និង បន្ត​អនុវត្តន៍​សម្រាប់​ទិស​ដៅ​ការងារ​ឆ្នាំ​២០១២ នេះ ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ «កម្ពុជា៖ ព្រះ​រាជា​ណាចក្រ​នៃ​វប្បធម៌» ប្រកប​ដោយ​ជោគ​ជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​វប្បធម៌​មាន សុវត្ថិភាព និរន្តភាព សុខដុមភាព និង វឌ្ឍនភាព

ក្នុង​នាម សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក​ជំទាវ ម៉ែន សំអន សូម​សម្តែង​នូវ​ការ​កោត​សរសើរ និង វា​តម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម លោក​ជំទាវ លោក លោក​ស្រី ជា​ពិសេស សិល្បករ​ចាស់​ទុំ​ជា​ព្រឹទ្ធា​ចារ្យ និង​ជា​វារៈ​សិល្បករ និង​មន្ត្រីវប្បធម៌​គ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ដែល​បាន​ប្រឹង​ប្រែង​អស់​កម្លាំង​កាយ​ចិត្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ប្រកប​ដោយ​ស្មារតី ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោទនៈ​ដើម្បី​បុព្វ​ហេតុ​វប្បធម៌។ រាជ​រដ្ឋាភិបាល ពិត​ជា​មាន​ការ​ទទួលស្គាល់​ថា រយៈ​កាល​កន្លង​មក ឯកឧត្តម លោក​ជំទាវ លោក លោក​ស្រី បាន​ខិត​ខំ​ប្រឹង​ប្រែង អនុវត្ត​តាម​គោល​នយោបាយ​វប្បធម៌​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិរក្ស​ និង​អភិវឌ្ឍ​វប្បធម៌​ខ្មែរ ពោល​គឺ៖ «អភិវឌ្ឍន៍ លើ​មូល​ដ្ឋាន​អភិរក្ស ​និង អភិរក្ស​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ ចីរភាព» សំដៅ​ប្រែ​ក្លាយ​វិស័យ​វប្បធម៌​ទៅ​ជា​កតា​លីករ​ចាំ​បាច់​មួយ​ក្នុង​ការ​រួម​ចំណែក​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

ក្នុង​នាម​រាជរដ្ឋាភិបាល លោកជំទាវ ឧប​នាយក​រដ្ឋមន្ត្រីប្រចាំការ សូម​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ក្រសួវ​ប្បធម៌ និង វិចិត្រ​សិល្បៈ គឺ​ត្រូវ​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភាព​មួយ​ចំនួន​ដូច​តទៅ៖
ទី១៖ បន្ត​ជម្រុញ​ការ​បណ្តុះ​បណ្តាល និង អភិវឌ្ឍ​សមត្ថភាព​ធន​ធាន​មនុស្ស ដោយ​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​បំ​ប៉ន បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​តាម​រយៈ​ការ​ពង្រឹង និង​ពង្រីក​ការងារ​បណ្តុះ​បណ្តាល​នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​នា​ពេល​បច្ចុប្បន្ន និង ទៅ​អនាគត។
ទី២៖ បន្ត​ពង្រឹង​សកម្មភាព​គ្រប់​គ្រង ថែ​រក្សា​ការពារ និង ទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​សម្បត្តិ​វប្បធម៌ នៅ​ទូទាំង​ប្រទេស​ តាម​រយៈ​ការ​រៀប​ចំ​តំបន់​បេតិកភណ្ឌ​វប្បធម៌ រមណីយដ្ឋាន​វប្បធម៌ និង ប្រវត្តិ​សាស្រ្ត​បន្ថែម​ទៀត បង្កើន​ការ​គ្រប់​គ្រង និង​ថែរក្សា​ការពារ​បណ្តា​រមណីយ​ដ្ឋាន ទូល​បុរាណ​ស្ថានីយ​បុរាណ​នានា​ដោយ​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត។ ត្រូវ​បន្ត​ខិត​ខំ​ពង្រីក​រមណីយដ្ឋាន​វប្បធម៌ ព្រោះ​ថា រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ ដែល​អាច​ទាក់​ទាញ​យក​ផល​ប្រយោជន៍​បាន​តាម​រយៈ ការ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្ពស់​ថា កម្ពុជា ជា​ទី​កន្លែង​ថត​ខ្សែ​ភាពយន្ត​ជាតិ និង អន្តរជាតិ។ ត្រូវ​បន្ត​ទប់​ស្កាត់​ការ​ជីក​កកាយ​វត្ថុ​បុរាណ​ដោយ​ខុស​ច្បាប់ ក្នុង​គោល​បំណង​ថែ​រក្សា​ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​សម្រាប់​មនុស្ស​ជាតិ​ទូទៅ។ ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​គាំពារ និង ជួស​ជុល​បណ្តា​ប្រាសាទ​បុរាណ​នានា ដែល​ប្រឈម​នឹង​ការ​ដួល​រលំ សំដៅ​រក្សា​ឲ្យ​បាន​នូវ​ស្នាដៃ​របស់​បុព្វ​បុរស​ក្នុង​ស្មារតី​ស្នេហា​ជាតិ ស្មារតី​គោរព​ដល់​ព្រលឹង​ដូនតា។
ទី៣៖ បន្ត​បង្កើន​ការ​ផ្សព្វ​ផ្សាយ ការ​ផលិត និង ការ​ផ្តល់​សេវា​លើ​ផលិត​ផល​វប្បធម៌ សិល្បៈ​ទស្សនីយ​ភាព សិល្បៈ​សូន​រូប និង សិល្បៈ​សិប្បកម្ម។
ទី៤៖ បន្ត​ពង្រឹង​បទ​ដ្ឋាន​គតិ​យុត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព និង មាន​គុណ​ភាព​ក្នុង​ការ​គ្រប់​គ្រង​សេវា​វប្បធម៌​តាម​រយៈ ការ​ជម្រុញ​ការ​ងារ​កសាង​ច្បាប់ និង អនុវត្ត​ច្បាប់ ស្តី​ពី​ការ​គ្រប់​គ្រង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង សិទ្ធិ​ប្រហាក់​ប្រហែល។ បន្ត​ជំរុញ​កិច្ច​សហការ​ជា​មួយ​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដូច​ជា​ក្រសួង​ព័ត៌មាន ក្រសួង​ទេស​ចរណ៍ និង កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ក្នុង​ការ​ផ្សព្វ​ផ្សាយ អប់រំ ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​វត្ថុ​បុរាណ និង ការ​លួច​ចម្លង​ស្នាដៃ​អ្នក​និពន្ធ៕