ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​១៤ ឆ្នាំ​២០១២
ថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១២

នៅ​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ២០១២ នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី​១៤ ឆ្នាំ​២០១២ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ លោក​ជំទាវ ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋ​មន្ត្រី ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច និង​ជា តំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។ ក្នុង​ពិធី​នោះ​ មាន​ការ​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស ពី​លោក​ជំទាវ​តំណាង​រាស្រ្ត ខេត្ត​ស្វាយរៀង ឯក​ឧត្តម លោក​ជំទាវ តំណាង​ស្ថាប័ន​នានា លោក ព្យុន ម៉ោងម៉ោង អគ្គនាយក​ក្រុម​ហ៊ុន​ស៊ីណេត តិច​ណូឡូជី តំណាង​សប្បុរស​ជន​ជួស​ជុល​ចេតីយ​ភ្នំ​យ៉ាត​មក​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ ថ្នាក់​ដឹក​នាំ និង មន្ត្រី​រាជការ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ កង​កម្លាំង​ខេមរៈ​ភូមិន្ទ កង​កម្លាំង​នគរបាល ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជ​ការ ខេត្ត​ប៉ៃលិន ថ្នាក់​ដឹក​នាំ​ខេត្ត​ពោធិសាត់ ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយ​មានជ័យ យុវជន​កាក​បាទ​ក្រហម យុវជន​កាយ​រឹទ្ធ ព្រម​ទាំង​សិស្សា​នុសិស្ស និង ប្រជា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន សរុប​មាន​ចំនួន​ប្រមាណ​១០០០នាក់។

ជា​កិច្ច​ចាប់​ផ្តើម ឯក​ឧត្តម អ៊ី ឈាន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន បាន​ថ្លែង​នូវ​សុន្ទរកថា ស្វាគមន៍​ប្រកប​ដោយ​ភាព​កក់​ក្តៅ​បំផុត​ជូន​ចំពោះ​អង្គ​ពិធី​ទាំង​មូល ជា​ពិសេស​ជូន​ចំពោះ លោក​ជំទាវ ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ តំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រម​ទាំង​គណៈ​កម្មការ​អន្តរ​ក្រសួង​រៀប​ចំទិវា​វប្បធម៌​ជាតិ ៣ មីនា ដែល​បាន​សម្រេច​ជ្រើស​រើស​យក​ទឹក​ដី​ខេត្ត​ប៉ៃលិន សម្រាប់​ការ​រៀប​ចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​១៤។ ការ​ប្រារព្វ​ពិធី​នៅ​ទី​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង ការ​ផ្តល់​នូវ​កិត្តិយស​ដ៏​ឧត្តុង​ឧត្តម​បំផុត​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹក​នាំ​ចំពោះ​ប្រជាជន​ខេត្ត​ប៉ៃលិន។

ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ បាន​ថ្លែង​នូវ​ខ្លឹម​សារ និង គោល​បំណង​នៃ​ការ​ប្រារព្ធទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​១៤ ឆ្នាំ​២០១២ ជម្រាប​ជូន​អង្គ​ពិធី​ទាំង​មូល​ថា៖ ការ​រៀប​ចំ​ទិវា​វប្បធម៌​ជាតិ​នេះ គឺ​ក្នុង​គោល​បំណង​ដាស់​តឿន​ក្រើន​រំលឹក​ឲ្យ​យើង​ទាំង​អស់​គ្នា​បង្កើន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា ការពារ និង លើក​តម្កើង​កេរ​ដំណែល​វប្បធម៌​គ្រប់​រូប​ភាព​ឲ្យ​មាន​និរន្ត​ភាព។ ព្រោះ​ថា កេរ​ដំណែល​ដ៏​ថ្លៃ​ថ្លា និង ពិសិដ្ឋ​ទាំង​នេះ បើ​យើង​មិន​រួម​គ្នា​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ ការពារ ផ្ទេរ​ចំណេះ​ដឹង បន្ត​វេន និង គ្រប់​គ្រង​ឲ្យ​មាន​សុវត្ថិភាព​ប្រកប​ដោយ​និរន្ត​ភាព​ទេ​នោះ វា​ពិត​ជា​ពុំ​អាច​គង់​វង្ស​បាន​ឡើយ។ យោង​តាម​ប្រធាន​បទ​នៃ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៤ ឆ្នាំ​២០១២  «អ្វីៗ​ទាំង​អស់ ដើម្បី​និរន្ត​ភាព​វប្បធម៌​ជាតិ» ឯក​ឧត្តម រដ្ឋមន្ត្រី ជម្រាប​ជូន​ថា៖ គឺ​ពុំ​មែន​ផ្តោត​សំដៅ​តែ​ទៅ​លើ​និរន្ត​ភាព​នៃ​វប្បធម៌​អរូបី​នោះ​ទេ បេតិក​ភណ្ឌ​រូបី​ក៏​ត្រូវ​តែ​រក្សា​ឲ្យ​មាន​និរន្ត​ភាព​ផង​ដែរ ពោល​គឺ​ត្រូវ​រួម​គ្នា​គ្រប់​គ្រង​ថែ​រក្សា អភិរក្ស គាំពារ​ដល់​បណ្តា​ប្រាសាទ​ដែល​កំពុង​ទទួល​រង ឬ ប្រឈម​នឹង​គ្រោះ​មហន្តរាយ​បែក​បាក់​នៅ​ទូទាំង​ប្រទេស។ យ៉ាង​ហោយ​ណាស់​ក្នុង​ដំណាក់​កាល​ដែល​សេដ្ឋកិច្ច​ជាតិ មិន​ទាន់​មាន​លទ្ធភាព​អនុគ្រោះ​ដល់​ការ​ជួស​ជុល ក៏​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គ្រប់​គ្រង​គាំពារ ទល់​ទ្រ ប្រើ​គ្រប់​លទ្ធភាព ដើម្បី​កុំ​ឲ្យ​ប្រាសាទ​ដែល​ទ្រុឌ​ទ្រោម​ទាំង​នោះ​ទទួល​រង​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដោយ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់។

ក្នុង​នាម សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក​ជំទាវ ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ មាន​សេចក្តី​សោមនស្ស​រីក​រាយ​ក្រៃ​លែង​ដោយ​បាន​មក​ចូល​រួម​ក្នុង​ពិធី​ប្រារព្វ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​១៤ ឆ្នាំ​២០១២ ដែល​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជាតិ​យើង។ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​សម្រេច​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្រ្ត​ថ្មីៗ​ថែម​ទៀត ក្នុង​នោះ​សម្បត្តិ​វប្បធម៌​របស់​ជាតិ​យើង​មួយ​ចំនួន​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់ និង​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក និង​ជា​សម្បត្តិ​វប្បធម៌​អរូបី​របស់​មនុស្ស​ជាតិ ហើយ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង អរូបី​មួយ​ចំនួន​ទៀត​ក៏​យើង​កំពុង​កសាង​ឯកសារ ដើម្បី​ស្នើ​សុំដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ រាជ​រដ្ឋា​ភិបាល​តែង​យក​ចិត្ត​ទុក​ដាក់ និង ផ្តល់​អទិភាព​ខ្ពស់​ដល់​ការ​អភិរក្ស ការពារ និង លើក​តម្លៃ​វប្បធម៌​ជាតិ ស្រប​តាម​គោល​នយោបាយ​​វប្បធម៌របស់រាជ​រដ្ឋាភិបាល​ពោលគឺ៖ «អភិរក្ស ដើម្បីអភិវឌ្ឍ និង​អភិវឌ្ឍ​លើមូល​ដ្ឋាន​អភិរក្ស​ប្រកប​ដោយ​និរន្ត​ភាព» សំដៅ​អភិរក្ស​អត្ត​សញ្ញាណ​ជាតិ និង​ប្រែ​ក្លាយ​វិស័យ​វប្បធម៌ ទៅ​ជា​កត្តា​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

ជា​មួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ យើង​ក៏​នៅ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​ទាម​ទារ​ឲ្យ​យើង​ត្រូវ​រួម​គ្នាដោះ​ស្រាយ​ដើម្បី​ធានា​នូវ​និរន្តរ​ភាព​នៃ​វប្បធម៌​របស់​ជាតិ​យើង។

លោក​ជំទាវ ឧប​នាយក​រដ្ឋ​មន្ត្រី ប្រចាំ​ការ សូម​អំពាវ​នាវ​ដល់​បង​ប្អូន ប្រជា​ពលរដ្ឋ​ទាំង​នៅ ក្នុង និង​ក្រៅ​ប្រទេស និង​គ្រប់​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ អា​ជ្ញាធរ​ដែន​ដី​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ​សំដៅ​ធ្វើ​ឲ្យ​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ​ទទួល​បាន​នូវ​សុវត្ថិភាព និង និរន្តភាព​តាម​រយៈ​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​ថែ​រក្សា ការពារ សិក្សា​ស្រាវ​ជ្រាវ អប់រំ​បណ្តុះ​បណ្តាល​ផ្សព្វ​ផ្សាយ បង្កើត​ស្នាដៃ និង​ផ្ទេរ​ចំណេះ​ដឹង​បន្ត​វេន សំដៅ​បណ្តុះ​ស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ស្នេហា​មាតុភូមិ និង​រួម​គ្នា​លើក​កម្ពស់​សីលធម៌​សង្គម និង​សីលធម៌​ដ៏​ថ្លៃ​ថ្លា​របស់​ជាតិ ដែល​ជា​ស្នូល​នៃ​កិច្ចការ​ធានា​សុវត្ថិភាព​ និង​ការ​រក្សា​បាន​នូវ​និរន្ត​ភាព​វប្បធម៌ ពោល​គឺ «យើង​ទាំង​អស់​គ្នា​ដើម្បី​ការ​ការពារ​វប្បធម៌​ជាតិ ហើយ​វប្បធម៌​ជាតិ​ ដើម្បី​ទាំង​អស់​គ្នា»។ ជា​មួយ​គ្នា​នេះ​យើង​ក៏​ត្រូវ​លើក​តម្កើង​ពហុភាព​នៃ​វប្បធម៌ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​ចម្រុះ និង​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​និរន្តភាព​ លើ​វិស័យ​វប្បធម៌​របស់​ជាតិ​យើង ដើម្បី​ធា​នា​នូវ​កិច្ច​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក​ជំទាវ ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ សូម​ឧទ្ទិស​ឲ្យ ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី១៤ នេះ​ក្លាយ​ជា​ថ្ងៃ​រំលឹក​ដល់​គុណូប​ការៈ​បុព្វ​បុរស និង​ដូន​តា​ខ្មែរ​យើង​ដែល​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​សម្បត្តិ​វប្បធម៌​ជាតិ​រហូត​ដល់​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា ព្រះ​រាជា​ណាចក្រ នៃ​វប្បធម៌។ និង សូម​ឲ្យ ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​១៤ នេះ​ក្លាយ​ជា​ថ្ងៃ​ដែល​យើង​ត្រួវ​ចង​ចាំ​ទាំង​អស់​គ្នា និង​ចូល​រួម​ប្រតិ​បត្តិ​ឲ្យ​បាន ខ្ជាប់​ខ្ជួន ថែ​រក្សា ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ឲ្យ​គង់​វង្ស​ប្រកប​ដោយ​និរន្តភាព៕