នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ គណៈប្រតិភូក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលមានការចូលរួមពី ឯកឧត្តម អគ្គនាយក លោក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីជំនាញ និងប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តតាកែវ បានចុះពិនិត្យ ស្ថានភាពប្រាសាទភ្នំជីសូរ្យ ខេត្តតាកែវ ដែលបានកសាងឡើងដោយ ព្រះមហាក្សត្រសុរិយាវរ្ម័នទី១ នាដើមសតវត្សទី១១។
កន្លងមក អគ្គនាយកដ្ឋានបេតិកភណ្ឌ បានចុះពិនិត្យ និង សិក្សាគម្រោងសម្រាប់ការជួសជុល និង អភិរក្ស។ នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំ នាយកដ្ឋានជំនាញធ្វើការអភិរក្សប្រាសាទភ្នំជីសូរ្យ ទប់ទល់នឹងគ្រោះមហន្តរាយដែលបណ្តាលមកពីធម្មជាតិ និងមនុស្ស។ យោងតាមស្ថានភាពជាក់ស្តែងចំពោះមុខ ក្រសួងយល់ថា គួរតែលើកគម្រោងលម្អិតមួយសម្រាប់ធ្វើការគាំពារ ឬជួលជុលប្រាសាទនេះ ដែលកំពុងស្ថិតក្នុងគ្រោះដួលរលំ។
