អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 23 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383536 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8637054 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

មតិស្វាគមន៍របស់រដ្ឋមន្រ្តី

ថ្ងៃ ច័ន្ទ ទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៤

កម្ពុជា ជា​ព្រះរាជាណាចក្រ​មួយ​ដែល​សម្បូណ៌ទៅ​ដោយ​សម្បត្តិធម្មជាតិ​ផង និង​​ស្នា​ដៃ​​ច្នៃប្រឌិត​មិន​ចេះ​រីងស្ងួត​របស់​ប្រជាជាតិ​នេះផង។ ជាពិសេស ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ពីបុរាណ​​ទាំង​រូបី និងអរូបី ដែល​ជា​ស្នាដៃ​​មិន​អាចកាត់​ថ្លៃ​បាន របស់​បុព្វបុរស​យើង​បាន​បន្សល់​​ទុកមក។
បណ្តា ​​បេតិកភណ្ឌ​វប្បធម៌​ទាំង​នោះ​រួមមាន ផ្នែករូបី ជាអាថ៌គឺ បណ្តា​ប្រាសាទ រមណីយដ្ឋាន​​វត្តអារាម ផ្ទះបុរាណ រមណីយដ្ឋាន​​ប្រវត្តិសាស្រ្ត ទួលអង្គ...រួមមាន​រាប់រយ​រាប់ពាន់ ប្រមាណជិត ៤,០០០ កន្លែង រាយ​ដេរដាស​ទូទាំង​ប្រទេស​ (​នេះ​មិន​ទាន់​គិត​ដល់​ប្រាសាទ​រាប់សិប ឬ​រាប់រយ​​ផ្សេង​ទៀត​ដែល​ជា​អតីត​ប្រាសាទបុរាណខ្មែរ ​ស្ថិត​នៅ​ក្នុង​ដែនដី​ប្រទេស​ជិតខាង​ទៀត​ផង)។​

ឯផ្នែកអរូបី រួមមាន​ល្ខោន​ជា​ងម្ភៃទម្រង់ របាំ​បុរាណ​មាន​អាយុ​រាប់ពាន់ឆ្នាំ ពិសេស​របាំ ក្បាច់​បុរាណ​ខ្មែរ ឬ​ហៅ​ថា​របាំ​អប្សរា ដែល​ជា​បេតិកភណ្ឌ​អរូបី​ដ៏ប្រណិត​គ្មានពីរ​ត្រូវ​បាន​​ពិភពលោក​​​ទទួល​ ស្គាល់ និង​បាន​ចុះ​បញ្ជី​ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ”​ នា​ឆ្នាំ២០០៣ មាន​តន្រ្តី និង​ចម្រៀង​ខ្មែរ​បុរាណ​ដែល​មាន​អាយុ​កាល​រាប់ពាន់​ឆ្នាំ​មក​ហើយ ដូច​ជា​តន្រ្តី​អារក្ស ភ្លេងការ...​​មាន​របៀប​សរសេរ​កំណាព្យ​ជាង​៥០បែប និង​បែប​បទ​ស្មូត្រ​កំណាព្យ​ជាង​៦០ប្រភេទ, មាន​​អក្សរ​​​សាស្រ្តខ្មែរ​បច្ចុប្បន្ន ដែល​មាន​ដើម​កំណើត​ពីបុរាណ​​ជាង​ពាន់ឆ្នាំ​អាច​រក្សាទុក​​តាមរយៈ​​ការ​​ សម្រិត​​សំរាំង​កែលម្អបន្តិចម្តងៗ ប្រើប្រាស់​ជា​ផ្លូវការ​រហូតមក។ ក្រៅ​ពី​នោះ​នៅ​មាន​ល្បែង​របាំ​​ប្រជាប្រិយ​​ប្រពៃណី ការនិទាន​រឿង...។ល។ ជា​ច្រើន​ទៀត។ បើប្រៀប​ទៅ​នឹង​ប្រទេស​​មួយ​​ដ៏​តូច​​​​ប្រជាជន​​តិច​​​ដូច​កម្ពុជា​ បច្ចុប្បន្ន បេតិកភណ្ឌ​ទាំងអស់​ដូច​ដែល​បាន​រៀបរាប់​ត្រួសៗ​មក​​ខាងលើ​នេះ​ពិត​ជា​រតន​ សម្បត្តិ​​ដ៏មហា​សាល​មិនអាច​កាត់​ថ្លៃបាន ដែល​សូម្បី​ប្រទេសធំៗ​​លើ​ពិភពលោក​​​ក៏មាន​​ការ​កោត​​សរសើរ និង​ស្ញប់ស្ញែង​ផងដែរ។

          នេះ​ជាសារ​មួយ​ដ៏សង្ខេប ដែល​នាង​ខ្ញុំក្នុង​នាម​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ចង់​ចែករំលែក និង​បញ្ជូន​ជា​ព័ត៌មាន​ដល់​បណ្តា​ប្រិយមិត្ត មិត្ត​អ្នក​អាន​ទាំងអស់​ជាកុលបុត្រ កុលធីតាខ្មែរ ទាំង​អ្នក​នៅ​ក្នុងស្រុក និង​ក្រៅស្រុក​រួម​ទាំង​មិត្ត​បរទេស​ផ្សេង​ទៀត​ដែល​​ចង់ ស្វែង​យល់​សិក្សា​អំពីខ្មែរ​ អាច​ធ្វើ​ការ​តាម​ដាន​រាល់​ព័ត៌មាន​ផ្សេងៗ ដែល​ក្រសួង​បាន​បង្ហោះ​​តាម​រយៈ​​គេហទំព័រ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (www.mcfa.gov.kh) នាពេល​នេះ​។ ក្រុមការងារ​​របស់​ក្រសួង នឹង​ខិតខំ​ប្រមូល​នូវ​រាល់​ព័ត៌មាន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​​​ សិល្បៈ​វប្បធម៌​​ធ្វើយ៉ាង​ណាឱ្យ​ព័ត៌មាន និងរូបភាព​ទាំងនោះ​ក្លាយ​ទៅ​ជា​ចំណាប់​អារម្មណ៍ ជា​ចំណេះដឹង ដែល​ជា​ទីចូលចិត្ត និង​មិនអាច​ខ្វះ​បាន​របស់​ប្រិយមិត្ត។

ទន្ទឹម ​នោះ​នាង​ខ្ញុំ​ក៏សង្ឃឹម​ដែរ​ថា​រាល់​ចំណុច​ខុស​ឆ្គង និង​ខ្វះខាត នឹង​ត្រូវ​បាន​បំពេញ និង​ទទួល​បាន​ការ​កែលម្អ​ដោយ​ស្ថាបនា​ពី​បណ្តា​ប្រិយមិត្ត​តប​មក​វិញ។

ក្នុង​អាណត្តិថ្មី​នីតិកាលទី៥​នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​​មាន​យុទ្ធសាស្រ្ត​ចតុកោណ ដំណាក់​កាលទី៣ ជា​ត្រីវិស័យ នាង​ខ្ញុំ​ក្នុងនាម​ជា​រដ្ឋមន្រ្តី រួម​ជា​មួយ​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ ​ទាំងអស់​នៃ​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ នឹង​ខិតខំ​ប្រឹងប្រែង​​អស់ពី​​កម្លាំងកាយ និងបញ្ញា​ ដើម្បីបំរើ​ឱ្យ​បុព្វហេតុ​​នៃ​វប្បធម៌​​​​ជាតិ​​ដែល​មាន​​គោល​​នយោបាយ​​ វប្បធម៌​​មួយ​​ជាគ្រឹះគឺ “អភិរក្ស និងអភិវឌ្ឍ”       អភិវឌ្ឍ​លើ​មូលដ្ឋាន​អភិរក្ស​​ដើម្បី​រួម​ចំណែកក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងប្រែក្លាយ “កម្ពុជា ជា​ព្រះរាជា​ណាចក្រ​នៃវប្បធម៌”

ក្នុង​ឆ្នាំថ្មី​ដែល​នឹងនាំ​មក​នូវ​​កំណែទម្រង់​ថ្មី​លើ​មូលដ្ឋាន​នៃ​សន្តិភាព និរន្តរភាព និង​វឌ្ឍន​ភាព នាង​ខ្ញុំ​សូម​ជូនពរ ​​ឱ្យ​បណ្តា​ប្រិយមិត្ត​ទាំងអស់​ប្រកប​​ដោយ​ជ័យ​មង្គល​សិរីសួស្តី និង​ពុទ្ធពរ​​ទាំង​ឡាយ​​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ​​កុំបី​​ឃ្លាងឃ្លាត​ឡើយ។