អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 42 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 383206 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 240754 នាក់

ចំនួនអ្នកទស្សនា សរុប 8636724 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ល្ខោនបាសាក់

ថ្ងៃ សុក្រ ទី ១៧ ខែ មករា ឆ្នាំ ២០១៤

​ ទម្រង់​សិល្បៈ​ទស្សនីយភាព​ខ្មែរ​បាន​យោន​យក​ឈ្មោះ​ក្នុង​លក្ខណៈ​ខុស​ៗ ប្លែក​គ្នា​ជា​ច្រើន។ ទម្រង់​ខ្លះ​បាន​យក​ឈ្មោះ​ចេញ​អំពី​ឧបករណ៍​តន្ត្រី ឫ វង់​តន្ត្រី ណា​មួយ ដូចជា​ល្ខោន​យីកេ ឫ​ល្ខោន​មហោរី​ជា​ដើម។ ប៉ុន្តែ​ទម្រង់​ខ្លះ​ទៀត​បាន​យក​ឈ្មោះ​ពី​សិល្ប​ករ​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​លើស​លប់​ដូចជា​សិល្បៈ​ចម្រៀង​អាយ៉ៃ។

ចំណែក​ល្ខោន​បាសាក់​វិញ ក៏​មិន​ខុស​ពី​ទម្រង់​ដទៃ​ទៀត​ប៉ុន្មាន​ដែរ ប៉ុន្តែ​បាន​យក​ឈ្មោះ​របស់​ខ្លួន​ពី​ទី​កន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​បាន​រីក​ចម្រើន​ទៅ​វិញ ពោល​គឺ​ល្ខោន​បាសាក់​មាន​ដើម​កំណើត​នៅ​ស្រុក​បាសាក់​ខេត្ត​ឃ្លាំង​ទល់​មុខ​ព្រះ​ត្រពាំង​កម្ពុជា​ក្រោម ។ ទឹក​ដី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បាន​ពួក​អាណានិគម​និយម​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩។ ឥឡូវ​ស្ថិត​នៅ “ភាគ​ខាង​ត្បូង​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​សព្វ​ថ្ងៃ”។ បាសាក់​ ជា​ឈ្មោះ​ទន្លេ​មួយ​ដែល​ជា ខ្នែង​មួយ​នៃ​ទន្លេ​មេគង្គ​ទាំង​បួន​​ដែល​ប្រសព្វ​គ្នា​នៅ​ភ្នំ​ពេញ “ចតុម្មុខ” ។ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ទិស​ខាង​ត្បូង​ចាក់​ទៅ​ក្នុង​ឈូង​សមុទ្រ​ចិន ហើយ​នៅ​លើ​ដង​ទន្លេ​នេះ​ហើយ​ដែល​ជា​ទី​តាំង​នៃ​ស្រុក​បាសាក់ ខេត្ត​ឃ្លាំង​ទល់​មុខ​នឹង​ខេត្ត​ព្រះ​ត្រពាំង ដែល​ល្ខោន​បាសាក់​បាន​ចាប់​កំណើត​ឡើង ។ តំបន់​នេះ​ក៏​ដូច​ជា​តំបន់​ដទៃ​ទៀត ​មាន​ប្រជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​ជា​តំបន់​មាន​អារ្យធម៌ និង​មាន​កេរ​ដំណែល​វប្បធម៌​ខ្មែរ​ពី​បរម​បុរាណ​ច្រើន​ដូចជា​ប្រាសាទ ស្រះ​បុរាណ ​វត្ត​អារាម តន្ត្រី​ច្រើន​វង់ និង​ល្ខោន​ច្រើន​ប្រភេទ ដូចជា​យីកេរ្តិ៍ និង​ល្ខោន​យក្ស​រាំ​ជា​ដើម ។ល។ និង ។ល។

  តាម​ព័ត៌មាន​ដែល​ទទួល​បាន ល្ខោន​បាសាក់ ​សព្វ​ថ្ងៃ​នេះ​មាន​ប្រភព​មក​ពី​ល្ខោន​ទ្រើង​ឃ្លោង ហើយ​បាន​រីក​ចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញវន្ត​មួយ​ក្រុម​ដែល​មាន​ចំណេះ​ជ្រៅ​ជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា​ក្រោម​ការ​ដឹក​នាំ របស់​អតីត​ចៅ​អធិការ​វត្ត​ខ្សាច់​កណ្ដាល “បាសាក់​ព្រះ​ត្រពាំង” កម្ពុជា​ក្រោម ឈ្មោះ​លោក​គ្រូ​សួរ ។ ​ប្រវត្តិ​ជា​ហូរ​ហែ​នោះ មាន​ដូច​ត​ទៅ​នេះ៖

  ក្រោយ​ពេល​សឹក​មក គោល​បំណង​ថែ​រក្សា​ជំរុញ​លើក​តម្លៃ​វប្បធម៌​ជាតិ​របស់​ខ្លួន​លោក​គ្រូ “សួរ” ក៏​បាន​ប្រមែប្រមូល​អ្នក​សឹក​ពី​បួស “បណ្ឌិត” ដូច​គ្នា​ព្រម​ដោយ កូន​សិស្ស កូន​គណ ពុទ្ធ​បរិស័ទ​ផ្សេងៗ​ទៀត បង្កើត​ជា​ល្ខោន​មួយ​វង់ ។ ប៉ុន្តែ​ដោយ​កាល​ណោះ​នៅ​មាន​កង្វះ​ខាត​ខាង​ផ្នែក​សម្ភារៈ និង​ឆាក​ល្ខោន​នេះ​ត្រូវ​គេ​នាំ​គ្នា​សម្ដែង​ដោយ​ផ្ទាល់​ដី​ក្នុង​រោង​ដែល​សង់​ឡើង​ដោយ​ប្រក់ ឫ​កាប់​មែក​ឈើ​យក​មក​គ្រប​ប្រហាក់​ប្រហែល​គ្នា នឹង​ទ្រើង​ដែល​គេ​ដាំ​ឃ្លោក ទើប​អ្នក​ស្រុក​គេ​និយម​នាំ​គ្នា​ហៅ​ល្ខោន​នេះ​ថា ល្ខោន​ទ្រើង​ឃ្លោក ។ ​ល្ខោន​ទ្រើង​ឃ្លោក​នេះ មាន​វត្ត​មាន​រហូត​ដល់​អំឡុង​ឆ្នាំ ១៩៥៣ ឫ ក៏​ក្រោយ​នោះ​បន្តិច​ផង នៅ​ជាយ​ក្រុង​ភ្នំ​ពេញ និងជន​បទ​នានា។

  អ្នក​ខ្លះ​និយម​ហៅ ល្ខោន​ទ្រើង​ឃ្លោក​នេះ​ថា​ជា “យូកេរ្តិ៍” វិញ។ ពាក្យ​យូរ​កេរ្តិ៍​នេះ​ជា​ពាក្យ​ដ៏​មាន​តម្លៃ​សម្រាប់​បញ្ជាក់​ថា ទម្រង់​សិល្បៈ​នេះ​គឺ​ជា​មរតក​តាំង​ពី​យូរ​លង់​មក​ហើយ​របស់​ជន​ជាតិ​ខ្មែរ​។ ​ឈ្មោះ​នេះ ​ត្រូវ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ប្រើ​ប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​សម្រាប់​សំគាល់​ទម្រង់​ល្ខោន​មួយ​ដែល​ខ្មែរ​នៅ​កម្ពុជា​យើង​សព្វ​ថ្ងៃ​និយម​ហៅ​ថា ល្ខោន​បាសាក់​នេះ​ឯង ។

  ល្ខោន​ទ្រើង​ឃ្លោក​បាន​ពង្រឹង​ប្រជាប្រិយភាព​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស ព្រោះ​អ្នក​សម្ដែង​សុទ្ធ​តែ​ជា​អ្នក​ពូ​កែ​ខាង​អក្សរសិល្ប៍ ពូកែ​ប្រើ​ពាក្យ​សម្ដី​ជា​កំណាព្យ​កាព្យ​ឃ្លោង ពូកែ​ការ​សម្ដែង​ដោយ​ឥត​ព្រាង​ទុក​ជា​ហេតុ​នាំ​ឲ្យ​ទស្សនិកជន មាន​ការ​កោត​សរសើរ និង​ចូល​ចិត្ត​ក្រៃ​លែង ។ មិន​តែ​ប៉ុណ្ណោះ​ល្ខោន​នេះ​បាន​ទៅ​ជា​កម្ម​វត្ថុ​នៃ​ការ​ប្រឡង​ប្រជែង​ជា​មួយ​នឹង​ល្ខោន “កៃ​លឿង​វៀតណាម” ហើយ​ក៏​បាន​ជះ​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្រោយ​មក​ក្នុង​ការ​ដែល​ជនជាតិ​ចិន​មួយ​ចំនួន​ធំ​ជា​អ្នក​ភៀស​ខ្លួន​អំពី​សង្គ្រាម​នៅ​ស្រុក​ចិន​ ពិសេស​ក្នុង​រយៈ​ពេល​នៃ​ការ​បះ​បោរ​របស់​ពួក​ម៉ាន់ជូ (Manchu) បាន​ហូរ​ច្រាល​មក​តាម​សមុទ្រ ហើយ​បាន​ចូល​មក​បោះ​ទី​តាំង​នៅ​តំបន់​កូសាំងស៊ីន​នេះ រស់​នៅ​លាយ​ឡំ​ជា​មួយ​ប្រជាជន​ខ្មែរ និង​ប្រជាជន វៀតណាម ។

  ក្នុង​ពេល​ដែល​ហូរ​ចុះ​មក​ជន​ជាតិ​ចិន​ទាំង​នោះ បាន​នាំ​យក​នូវ​ទំនៀមទម្លាប់​ប្រពៃ​ណី និង​សិល្បៈ​ផ្សេងៗ​ដូចជា “ល្ខោន​ហ៊ី” ជា​ដើម​មក​ជា​មួយ​ផង ។ ទាំង​ល្ខោន​ទ្រើង​ឃ្លោក​ខ្មែរ ទាំង​ល្ខោន​កៃ​លឿង​វៀតណាម​ទាំង​ល្ខោន​ហ៊ី​ចិន បាន​ប្រលង​ប្រជែង​ខំ​ប្រឹង​បញ្ចេញ​ឥទ្ធិពល​រៀងៗ​ខ្លួន ដណ្ដើម​យក​ប្រជាប្រិយភាព​ស្រូប​យក​ចំណង់ និង​ចំណូល​ចិត្ត​ទស្សនិកជន​ក្នុង​តំបន់​នោះ ។ ទី​បំផុត​ល្ខោន​ហ៊ី​ចិន​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង ។ ឃើញ​ហេតុ​ផល​យ៉ាង​នេះ ដើម្បី​ទាម​ទារ​ប្រជាប្រិយភាព​ក្នុង​ចំណោម​ទស្សនិកជន​ចម្រុះ​ជាតិសាសន៍​នោះ អ្នក​ដឹក​នាំ​ល្ខោន​ទ្រើង​ឃ្លោក បាន​ចម្លង​យក​ចំណុច​សំខាន់ៗ ខ្លះ​ពី​ល្ខោន​ហ៊ី​ចិន​ដែល​ខ្លួន​យល់​ថា​មាន​សារសំខាន់​សម្រាប់​ល្ខោន​ខ្លួន ។ ចាប់​ពី​ពេល​នោះ​មក​ល្ខោន​ទ្រើង​ឃ្លោក បាន​ទទួល​ប្រជាប្រិយ​ដ៏​ធំធេង​ក្នុង​តំបន់​កូសាំងស៊ីន​នេះ​​ព្រោះ​ពេល​នោះ ទាំង​អ្នក​ដឹក​នាំ​វង់​ល្ខោន ទាំង​សិល្ប​ករ អ្នក​សម្ដែង​មាន​ការ​ឆ្លាត​វាង​វៃ​ណាស់ នៅ​ទី​ណា​កន្លែង​ណា​ដែល​មាន​ប្រជាជន​ខ្មែរ​ជា​អ្នក​មើល​ភាគ​ច្រើន​គេ​តែង​នាំ​គ្នា សម្ដែង​ជា​ភាសា​ខ្មែរ​សុទ្ធ​កន្លែង​ណា​ដែល​មាន​ប្រជាជន​វៀតណាម​មើល​ច្រើន ការ​សម្ដែង​តែង​ឆ្លូក​គ្នា​ជា​ពីរ​ភាសា គឺ​ខ្មែរ​ផង វៀតណាម​ផង​ផ្ទុយ​ទៅ​វិញ កន្លែង​ណា​ដែល​មាន​ប្រជាជន​ចិន​មើល​ច្រើន គេ​តែង​និយាយ និង​ច្រៀង​ភាសា​ខ្មែរ​ផង និង​ភាសា​ចិន​ផង សម្រប​សម្រួល​ខ្លួន​ទៅ​តាម​លក្ខណៈ​ភូមិសាស្ត្រ​ទឹក​ដី និង​ប្រជាជន​នៅ​តាម​តំបន់។

   ចំពោះ​ប្រវត្តិ​ដែល​ល្ខោន​ទ្រើង​ឃ្លោក ឫយូរ​កេរ្តិ៍ ជា​មរតក​ដែល​បាន​ចាប់​កំណើត​នៅ​កម្ពុជា​ក្រោម​ហើយ​បាន​ត្រូវ​គេ​ប្ដូរ​ឈ្មោះ​មក​ជា​ល្ខោន​បាសាក់​នៅ​កម្ពុជា​យើង​សព្វ​ថ្ងៃ​នេះ នោះ​គឺ​មាន​ដំណើរ​រឿង​ដូច​ត​ទៅ​នេះ៖

  នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩២០ មាន​បង​ប្អូន​ពីរ​នាក់ បង​ឈ្មោះ លី កាញ់ និង ប្អូន​ឈ្មោះ លី សួន និង​មាន​ដើម​កំណើត​កើត​ជា​នៅ​ស្រុក​បាសាក់ ដែន​ដី​កម្ពុជា ក្រោម ។ លី កាញ់ ជា​បង​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​ទៅ​រស់​ នៅ​ប្រទេស​បារាំង ។ ក្រោយ​មក​ដោយ​ការ​ខំប្រឹង​ប្រែង​រក​ទទួល​ទាន​មាន​បាន លី កាញ់ ក៏​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ធនធាន​បង្គួរ​នៅ​ប្រទេស​បារាំង ។

  ថ្ងៃ​មួយ លី សួន ជា​ប្អូន​ផ្ញើ​សំបុត្រ​ទៅ​សួរ​សុខ​ទុក្ខ លី កាញ់ ជា​បង ហើយ​ក៏​បាន​សុំ​ប្រាក់​មួយ​ចំនួន​ពី​បង ដើម្បី​ប្រកប​របរ​ជំនួញ​ជួញ​ដូរ​នៅ​ឯ​ស្រុក​កំណើត របស់​ខ្លួន ។​លី កាញ់ ក្នុង​ទឹក​ចិត្ត​អាណិត​ប្អូន​ក្នុង​ទឹក​ចិត្ត​ស្រណោះ​ស្រណោក ស្រុក​កំណើត​ជា​ទី​រលឹក​របស់​ខ្លួន និង​ក្នុង​ស្មារតី​ចង់​ថែ​រក្សា​វប្បធម៌​ពណ៌​សម្បុរ​ជាតិ​របស់​ខ្លួន ដែល​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​គង់​វង្ស ក៏​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ លី សួន ជា​ប្អូន ហើយ​បាន​សរសេរ​សំបុត្រ​ប្រាប់​ថា​សូម​ប្អូន​កុំ​ធ្វើ​ជំនួញ​ដូរ​អ្វី​ក្រៅ​ឲ្យ​សោះ លុយ​ដែល​បង ផ្ញើ​ឲ្យ​នេះ​សូម​ប្អូន​គិត​យ៉ាង​ណា​ជួយ​ពង្រីក និង​ថែ​រក្សា​សិល្បៈ យូរ​កេរ្តិ៍ ដែល​មាន​កំណើត​នៅ​ឃ្លាំង នៅ​ព្រះ​ត្រពាំង​ហើយ​ដែល​យើង​បាន​មើល​ទាំង​អស់​គ្នា​ជា​ញឹក​ញាប់​កាល​នៅ​ពី​តូច​ៗ នោះ​ឲ្យ​គង់​វង្ស​ផង ។

  ដោយ​សារ​បណ្ដាំ និង​ជំនួយ​ពី លី កាញ់ ជា​បង លី សួន ក៏​ក្លាយ​ទៅ ជា​ថៅកែ​ល្ខោន​បាសាក់​ដ៏​ល្បី​ល្បាញ​ដំបូង​គេ​បង្អស់​ដែល​ទស្សនិកជន​និយម​ហៅ​ឈ្មោះ គាត់​ថា ថៅកែ “ឆា​គ្រួន” ។

  ក្នុង​ឆ្នាំ ១៩៣០ ក្នុង​ពេល​ដែល​ទម្រង់​នេះ​រីក​ចម្រើន​នៅ​កម្ពុជា​ក្រោម “វៀតណាម ខាង​ត្បូង”​ថៅ​កែ​ក្រុម​ល្ខោន​ឈ្មោះ​លោក ឆា​គ្រួន នេះ​បាន​នាំ​ក្រុម​សិល្បៈ​ល្ខោន របស់​ខ្លួន​មក​សម្ដែង​ធ្វើ​អាជីវកម្ម​នៅ​ភ្នំពេញ និង​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ។ ដំណើរ​បេសកកម្ម​ទី១ របស់​ក្រុម​ល្ខោន​លោក ឆា​គ្រួន​ដែល​បាន​មក​សម្ដែង​នៅ ប្រទេស​កម្ពុជា មិន​សូវ​ទទួល​បាន​ជោគ​ជ័យ​ទេ មូល​ហេតុ​មក​ពី​ទម្រង់​ល្ខោន​នេះ​ត្រូវ​ប្រឡង​ប្រជែង​ជា​មួយ​ទម្រង់​ដទៃ​ទៀត ដែល​មាន​យ៉ាង​សំបូរ​បែប​នៅ​កម្ពុជា​ភាគ​កណ្ដាល ដូចជា​ល្ខោន​ប្រាមោជទ័យ “១៩២០-១៩៤០” និង​ល្ខោន​មហោរី​ដែល​កើត​មាន​ជា​យូរ​លង់​មក​ហើយ ។ ពិត​មែន​តែ​លើក​ទី១​នេះ ល្ខោន​បាសាក់​បាន​ទទួល​បរាជ័យ ប៉ុន្តែ​ពេល​នោះ​សិល្ប​ករ​ល្ខោន​បាសាក់​បាន​ហាត់​រៀន និង​ស្រូប​យក​នូវ​ចំណេះ​ថ្មីៗ មួយ​ចំនួន​ពី​ទម្រង់​ល្ខោន​នៅ​ភ្នំពេញ ដូចជា​ភ្លេង​មហោរី ឫ​ចម្រៀង​មហោរី​ជា​ដើម មុន​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ ។

  ក្រោយ​ពី​ពេល​ហាត់​វៀន និង​បាន​សម្ដែង​ច្រើន​លើក​ច្រើន​សារ​ដោយ​បញ្ចូល​បច្ចេកទេស​​ថ្មីៗ​មួយ​ចំនួន​ផង ល្ខោន​នេះ បាន​ទទួល​ជោគជ័យ​កាន់​តែ​ធំ​ធេង នៅ​តំបន់​កូសាំងស៊ីន ។ បន្ទាប់​ពី​នោះ​មក​លោក ឆា​គ្រួន ក៏​នាំ​ក្រុម​របស់​គាត់​តាម​ទូក ប៉ុកចាយ ដែល​មាន​គ្រឿង​ប្រដាប់​ដំឡើង​ឆាក និង​សម្ភារៈ​តុបតែង​លំអ​ផ្សេងៗ គឺ​ឆាក​ចល័ត ដែល​ដំឡើង​លើ​គោក​ក៏​បាន ឫ​ដំឡើង​លើ​ទូក​ក៏​បាន ហើយ​នាំ​ក្រុម​សិល្បៈ​នេះ​មក​សម្ដែង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ឯ ទៀត ជា​លើក​ទី២ ។ លើក​នេះ​ល្ខោន លោក ឆា​គ្រួន បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ល្ខោន បា្រមោជ្ជទ័យ និង​ល្ខោន​មហោរី​នៅ​ភ្នំពេញ និង​តំបន់​ដទៃ​ទៀត​នៅ​ប្រទេស​កម្ពុជា ពិសេស​គឺ​ខេត្ត​តាម​មាត់​ទន្លេ ។ ល្ខោន​លោក​ ឆា​គ្រួន ​នេះ​ស្រូប​យក​ទស្សនិកជន​យ៉ាង​ច្រើន​គគ្រឹក​គគ្រេង ហើយ​បាន​ធ្វើ​ឲ្យ​ល្ខោន​ប្រា​មោជទ័យ និង​ល្ខោន​មហោរី​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បាត់​បង់​ប្រជាប្រិយភាព ហើយ​ចំនួន​ទស្សនិកជន​ចេះ​តែ​ថយ​ចុះ​ជា​លំដាប់ ។ ដោយ​សារ​មធ្យោបាយ​សម្ដែង​ថ្មី​រហ័សរហួន ស្វាហាប់​ ការ​តុបតែង​លំអ​ឆាក​សំលៀក​បំពាក់​ការ​លាប​មុខ ឫ​គូរ​មុខ​ដ៏​ល្អ (កន្លែង​ខ្លះ​ទទួល​ឥទ្ធិពល​ពី​ហ៊ី​ចិន) ទាំង​ល្បិច​ហោះ​ហើរ​ក៏​ប៉ិន​ប្រសប់ ពិសេស​សំនៀង​រដឺន ទាំង​សម្ដី​និយាយ ទាំង​ចម្រៀង​របស់​ខ្មែរ បាសាក់​ស្រទន់​ពីរោះ ហើយ​ពាក្យ​សម្ដី ប្រកប​ដោយ​អត្ថន័យ ខ្លឹម​សារ​ល្អ ព្រោះ​អ្នក​សម្ដែង​ភាគ​ច្រើន​ច្រើន​ជា​អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា​ផង ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​កម្ពុជា​កណ្ដាល​នេះ​ជក់​ចិត្ត​ដិត​អារម្មណ៍​យ៉ាង​ខ្លាំង រហូត​ដល់​គេ​នាំ​គ្នា​ហៅ ឫ​ឲ្យ​ឈ្មោះ​ទម្រង់​ល្ខោន​នេះ​ថា ជា “ល្ខោន​បាសាក់” ដោយ​យក​ទី​កន្លែង​នៃ​ទម្រង់​សិល្បៈ​នេះ​រីក​ចម្រើន? មក​ដាក់​ឈ្មោះ​ឲ្យ​ទម្រង់​ល្ខោន​នេះ​តែ​ម្ដង ។ គឺ​ចាប់​ពី​ពេល​នោះ​មក​ហើយ ដែល​ល្ខោន​ទ្រើង​ឃ្លោក ឫ យូរ​កេរ្តិ៍​ប្រែ​ឈ្មោះ​ជា ល្ខោន​បាសាក់​ដែល​យើង​ស្គាល់ និង​បាន​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

  ដោយ​មូល​ហេតុ​សេដ្ឋកិច្ច ក្នុង​បំណង​យក​ទម្រង់​សិល្បៈ​ធ្វើ​ជំនួញ​ពួក​ថៅកែ​ជា​ច្រើន​នាក់​នៃ​វង់​ល្ខោន​នៅ​ភ្នំពេញ បាន​រក​វិធី​ធ្វើ​ឲ្យ​វង់​ល្ខោន​លោក ឆា​គ្រួន ធ្លាក់​ចូល​ក្នុង​វិបត្តិ​រលាយ​ក្រុម ហើយ​ការ​សម្ដែង​ចុះ​ខ្សោយ​ដោយ​ប្រើ​ទឹក​លុយ​ទិញ ដោយ​លួច​លាក់​នូវ​សិល្ប​ករ​ពូកែៗ គ្រូ​ល្ខោន​ពូកែៗ ដើម្បី​ឲ្យ​បែក​ខ្ចាយ​ចេញ​ពី​វង់​ល្ខោន លោក​ថៅកែ ឆា​គ្រួន ដើម្បី​ចូល​មក​ផ្ដល់​ចំណេះ និង​បម្រើ​នៅ​ក្នុង​ក្រុម​សិល្បៈ​របស់​ខ្លួន​វិញ ។ វង់​សិល្បៈ​ល្ខោន​បាសាក់​របស់​លោក ឆា​គ្រួន បាន​ជួប​ប្រទះ​នឹង​វិបត្តិ​យ៉ាង​ធំ​មែន ព្រោះ​គ្រូ​ធំៗ ដូចជា​លោក​គ្រូ​ខ្មៅ​លោក​គ្រូ​ខ្លា និង​មិត្តភ័ក្ដិ​ដទៃ​ទៀត​មួយ​ចំនួន បាន​ចាក​ចេញ​ពី​ក្រុម​លោក ឆា​គ្រួន ហើយ​ចូល​ទៅ​បង្ហាត់​ចំណេះ​ល្ខោន​បាសាក់ ទាំង​ផ្នែក​តន្ត្រី ទាំង​ហួន ទាំង​ចម្រៀង ទាំង​ការ​សម្ដែង ដោយ​ឥត​ព្រាង​ទុក​ដល់​ក្រុម​ដទៃ​ទៀត ។ ប្រហែល​ជា​ចាប់​ពី​ឆ្នាំ ១៩៣៧ នៅ រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​ក្រុម និង​រោង​ល្ខោន​បាសាក់​ជា​ច្រើន​ដូចជា រោង​មួយ​នៅ​ផ្សារ​កាប់​គោ ។ ខាង​លិច​រោង​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន មាន​រោង​មួយ​ទៀត​សង់​អំពី​ឈើ​ដែល​គេ​និយម​ឲ្យ​ឈ្មោះ​ថា​រោង​ឈើ ។ ខាង​លិច​រោង​ទី២ មិន​ឆ្ងាយ​ប៉ុន្មាន មាន​រោង​ល្ខោន​បាសាក់​មួយ​ទៀត​សង់​អំពី​ថ្ម ដែល​គេ​និយម​ឲ្យ​ឈ្មោះ​ថា រោង​ស្ពាន​កូន​កាត់ ឫ​រោង​ថ្ម “នៅ​កន្លែង​វិមាន​ឯករាជ្យ​សព្វថ្ងៃ” ដឹក​នាំ​ដោយ​អ្នក​ស្រី​ម្លិះ​ឡា ។ រោង​មួយ​ទៀត​នៅ ខាង​លិច វាំង​ជ្រុង​ខាង​ត្បូង ដែល​គេ​និយម​ហៅ​ថា​រោង​សយ​សង្វៀន ។ មួយ​ទៀត រោង​ផ្សារ​សួន​ចាស់ ឫ រោង​ល្ខោន​ក្លឹង្គ នៅ​ចំមុខ​វត្ត​បទុមវតី ។ រោង​ផ្សារ​ស៊ី​ឡឹប​ដែល​ដឹក​នាំ​ដោយ​អ្នក​ម្នាង​ម្នាក់​នៃ​ព្រះ​រាជា ស៊ីសុវត្ថិ​មុនីវង្ស គឺ​អ្នក​ម្នាង ឃុន​ព្រះ​ម៉ែ​នាង​បុប្ផា​នរលក្ខណ៍ យិន តាត ។ រោង​មួយ​ទៀត នៅ​តា​ខ្មៅ ខេត្ត​កណ្ដាល ។ ក្រោយ​ពី​នោះ មក​ទើប​គេ​ឃើញ​មាន​រោង​ដទៃ​ទៀត​ជា​ច្រើន​ដូចជា រោង​គីឡូ​លេខ ៦ ។ រោង​ទួល​ទំពូង នៅ​ចែង​ខាង​ជើង​វត្ត​ទួល​ទំពូង សព្វថ្ងៃ រោង​ទួល​គោក រោង​បាក់​ស្រេង និង អ្នក​ស្រី អ៊ុន វ៉ាង “នៅ​ម្ដុំ​រោង​ភាពយន្ត​ចេនឡា”​សព្វថ្ងៃ ។ រោង​ផ្សារ​ដេប៉ូ និង រោង​ដទៃ​ទៀត សម្ដែង​ល្ខោន​បាសាក់​ជា​ប្រចាំ ។ ឯ​រោង​ភាពយន្ត​ល្ខោន គឹម សឹង នៅ​ខាង​លិច​ផ្សារ​កណ្ដាល និង​រោង គឹម ភុង នៅ​ខាង​ត្បូង​ឈាង​ខាង​លិច​ផ្សារ​ថ្មី​ក៏​មាន​សម្ដែង​ល្ខោន​បាសាក់​ម្ដង​ម្កាល​ដែរ ។

  គឺ​ចាប់​ពី​ពេល​នោះ​មក​ហើយ​ដែល ល្ខោន​បាសាក់​ចាប់​សាយ​ភាព​ខ្លាំង​មែន​ទែន​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ធ្វើ​សកម្ម​ភាព​ទៅ​មក​សម្ដែង​ចុះ​ឡើងៗ គ្រប់​ទី​កន្លែង ហើយ​មាន​ក្រុម​ខ្លះ​បាន​ទៅ​បោះ​ទី​តាំង​នៅ​ខេត្ត និង​ស្រុក​នានា បាន​ទៅ​បង្រៀន និង​កសាង​ក្រុម​ជា​ច្រើន​តាម​មូលដ្ឋាន​ផ្សេងៗ​គ្នា ។

  ខាង​លើ​នេះ​ជា​ប្រវត្តិ​របស់​ល្ខោន​បាសាក់​ដែល​យើង​ទទួល​ពី​គ្រូ​ចាស់ៗ និង​មិត្តភ័ក្ដិ​ខ្មែរ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃ​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀតណាម​សព្វថ្ងៃ អម​ដោយ​ឯកសារ​សរសេរ​បន្តិចបន្តួច​ដែល​សេស​សល់​ពី​មុន​មក ។ យើង​ជឿជាក់​ថា​ប្រវត្តិ​នេះ​ប្រាកដ​ជា​មិន​ទាន់​បាន​សុក្រឹត និង​លំអិត នៅ​ឡើយ​ទេ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​វា​អាច​ជា​មូលដ្ឋាន​សម្រាប់​ពិចារណា​ខ្លះៗ របស់​បណ្ដា​អ្នក​ស្រាវជ្រាវ អ្នក​សិក្សា​ល្ខោន​អ្នក​ស្រឡាញ់​អក្សរសិល្ប៍ ហើយ​នឹង​ប្រជាជន មហាជន​ដែល​ស្រឡាញ់​សិល្បៈ​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​យើង​ដើម្បី​ទុក​ជា​ទុន​មូលដ្ឋាន​ក្នុង​ការ ស្វែង​យល់​តម្លៃ​ពិត រូប​ពិត ខ្លឹមសារ​ពិត ទម្រង់​ពិត និង​លក្ខណៈ​បែប​ពិត​ទាំង​ឡាយ​នៃ​ទម្រង់​ល្ខោន​ខ្មែរ។

  ម្យ៉ាង​ទៀត​ខ្ញុំ​បាទ​ក៏​សុំ​ជម្រាប​ផង​ដែរ​ថា ក្រោយ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ ១៩៦៥ ទម្រង់​ល្ខោន​បាសាក់​ក៏​ដូចជា ទម្រង់​សិល្បៈ​ឯ​ទៀត​ជា​ច្រើន​ដែរ​ត្រូវ​បាន​សាកល​វិទ្យាល័យ ចាត់​ឲ្យ​មាន​ក្រុម​ចុះ ធ្វើ​ការ សិក្សា​ស្រាវ​ជ្រាវ​រៀន​សូត្រ​ពី​លោក​គ្រូ អ្នកគ្រូ សិល្ប​ករ​អ្នក​ជំនាញ​ធំៗ​ដូច​ជា លោកតា សាំង សារុន អ្នកស្រី ចេច ម៉ាច លោក​គ្រូ ពៅ លោកគ្រូ ណន លោកគ្រូ សាមិត ជាដើម ។ល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ សាកល​វិទ្យាល័យ​បាន​អញ្ជើញ លោក​គ្រូ ទក​ខ្មៅ ដែល​មាន​ទេពកោសល្យ​អាច​សម្ដែង​ជា​តួឯក ជា​តួយក្ស ឫ ជា​ត្លុក​ក៏​បាន​មក​បង្រៀន ជា​គ្រូ​ប្រចាំ​នៅ​មហា​វិទ្យាល័យ​សិល្បៈ​នាដ្យ​សាស្ត្រ​ថែម​ទៀត​ផង ។

  ក្រោយ​ពី​បាន​សិក្សា​រៀន​សូត្រ ភ្លេង… ចម្រៀង​ក្បាច់​ហួន​បាសាក់ និង​របៀប​សម្ដែង​បាន​ត្រឹម​ត្រូវ​ហើយ​ក្រុម​និស្សិត​ផ្នែក​ល្ខោន​បាន​សាក់… ក្នុង​ស្មារតី​រក្សា​ទម្រង់ មិន​ឲ្យ​ព្នាយ​ប្រាស​ចាក​ភាព​ដើម និង​ដោយ​មាន​ជំនួយ​ពី​គ្រូ​ចាស់ៗ ក៏​សាកល្បង​ដំឡើង​រឿង​មួយ​ចំនួន ដោយ​រឿង​ដែល​ត្រូវ​សម្ដែង​ត្រូវ​សរសេរ​ជា​រឿង​ល្ខោន​ដែល​មាន​ពាក្យ​សម្ដី​ត្រឹមត្រូវ ហើយ​ដែល​ត្រូវ​ឲ្យ​សិល្ប​ករ​អ្នក​សម្ដែង ទន្ទេញ​ចាំ​យ៉ាង​ស្ទាត់​ជា​មុន ព្រម​ដោយ​មាន​ការ​ដឹកនាំ​រឿង ត្រឹម​ត្រូវ​ផង ពោល​គឺ​ធ្វើ​ឲ្យ​មាន​លក្ខណៈ “រៀបរយ” នៅ​ក្នុង​ការ​សម្ដែង ដោយ​រក្សា អន្លើ​បរិយាកាស​សប្បាយ​រីករាយ ឫ​កម្សត់​ព្រាត់​ប្រាស ឫ​ក៏​អន្លើ​កំប្លុក​កំប្លែង​ទៅ​តាម​ដំណើរ​នៃ​សាច់​រឿង មិន​ឲ្យ​រំខាន​គ្នា​ឡើយ ។

  ក្នុង​ការ​សាក​ល្បង​ធ្វើ​ឲ្យ​មាន​លក្ខណៈ “រៀបរយ” សម្រាប់​ទម្រង់​ល្ខោន បាសាក់​នេះ​ក្រោយ​ពី​បាន​សម្ដែង​នៅ​ទូទាំង​ប្រទេស​ជា​ញឹក​ញាប់ ឃើញ​ថា​បាន​លទ្ធផល គួរ​ជា​ទី​ពេញ​ចិត្ត​ ដ្បិត​យើង​អាច​ទាក់​ទាញ​បាន ឫ​តម្រូវ​បាន​នូវ​ទឹក​ចិត្ត​របស់​ទស្សនិកជន គ្រប់​មជ្ឈដ្ឋាន គឺ​អ្នក​ស្រែចម្ការ អ្នក​ផ្សារ សិស្ស និស្សិត បញ្ញវន្ត ជា​ច្រើន​ផង ។

     ចំណែក​ឯ​ក្រុម​សិល្បៈ​ល្ខោន​បាសាក់ នៅ​តាម​រោង​នានា ក្នុង​ទូ​ទាំង​ប្រទេស គឺ​នៅ​រក្សា​របៀប​សម្ដែង​បែប​បុរាណ​ដូច​មុន ពោល​គឺ​របៀប​សម្ដែង​ដោយ​ឥត​ព្រាង​ទុក​ដដែល ៕

ព័ត៌មានផ្សេងៗ

  • Generic placeholder image

    ប្រភព​នៃ​ល្ខោន​ស្រមោល​ស្បែក​ខ្មែរ​​

    ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ខាងលើនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧ ។

  • Generic placeholder image

    ល្ខោស្បែកធំ​